

យុវតី ឆាយ សុវិការ ជាអតីតសិស្សថ្នាក់ទី១២ មកពីសាលារៀន អន្តរទ្វីប អាមេរិកាំង នៃឆ្នាំសិក្សា២០២៤-២០២៥។ សុវិការជាសិស្សម្នាក់ដែលឧស្សាហ៍ព្យាយាមរៀនសូត្រតាំងពីថ្នាក់បឋមសិក្សាមកម្លេះ។ ប្អូនក៏ជាសិស្សម្នាក់ដែលចូលចិត្តសិក្សាស្រាវជ្រាវលើមុខវិជ្ជាគណិតវិទ្យា និងជាសិស្សពូកែប្រចាំសាលា ហើយក៏បានចូលរួមប្រឡងសិស្សពូកែថ្នាក់រាជធានីផងដែរ ប៉ុន្តែគួរឱ្យសោកស្ដាយ ប្អូនមិនបានជាប់ក្នុងចំណោម៤នាក់ទេ ប៉ុន្តែប្អូនក៏មិនបានបាក់ទឹកចិត្តដែរ ហើយកាន់តែខិតខំបន្ថែមទៀត ដើម្បីត្រៀមប្រឡងប្រជែងផ្សេងៗទៀត ជាពិសេសសម្រាប់ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។

បើនិយាយពីការប្រឡងឬការប្រកួតប្រជែងផ្សេងៗ ដូចជាប្រឡងគណិតវិទ្យាវាស់ស្ទង់កម្រិតស្តង់ដាអន្តរជាតិ (MOSC AMC AMO SASMO WMI ASIAROPE CARIBOU ,…) សុវិការតែងតែមានវត្តមានចូលរួម និងតែងតែទទួលបានមេដាយរាល់ការប្រឡង ឬប្រកួតប្រជែងផងដែរ។ ចំពោះការប្រលង ឬប្រកួតប្រជែងផ្សេងៗ មិនត្រឹមតែការប្រកួតប្រជែងជាមួយសិស្សនៅក្នុងប្រទេសកម្ពុជាយើងនោះទេ សុវិការក៏បានទៅប្រកួតប្រជែងជាមួយសិស្សបរទេសជាច្រើន ហើយក៏ទទួលបានមេដាយមាសផងដែរ។

ចំពោះការរួមរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ក្នុងការសិក្សា៖ សុវិការជាសិស្សម្នាក់ដែលតែងតែចូលរួមចែករំលែកនូវគន្លឹះ ក៏ដូចជាបទពិសោធន៍ក្នុងការប្រឡង ឬប្រកួតប្រជែងសមត្ថភាពផ្សេងៗ ឬ បទពិសោធន៍ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ជាដើម។

ក្នុងការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាសម័យប្រឡង ២៨ សីហា ២០២៥ សុវិការ ធ្វើបានយ៉ាងល្អ គឺទទួលបាន៖
– អក្សរសាស្ត្រខ្មែរ ទទួលបាននិទ្ទេស C
– គណិតវិទ្យា ទទួលបាននិទ្ទេស A
– រូបវិទ្យា ទទួលបាននិទ្ទេស A
– គីមីវិទ្យា ទទួលបាននិទ្ទេស B
– ជីវវិទ្យា ទទួលបាននិទ្ទេស B
– ប្រវត្តវិទ្យា ទទួលបាននិទ្ទេស A
– ភាសាអង់គ្លេស ទទួលបាននិទ្ទេស A
ហើយទទួលបាននិទ្ទេសរួម A ក្នុងលំដាប់ពិន្ទុ ៩៨.៧៧៧


