Daily Archives: 20/10/2025

មិនបានទទួលនិទ្ទេស​A ដូចបំណងប្រាថ្នា ប៉ុន្តែបើនិយាយពីបទពិសោធន៍វិញគឺច្រើនគួរសម !

យុវតី តាំង ស៊ូយូ ជាអតីតសិស្សថ្នាក់ទី១២ និងជាប្រធានក្លិបអ្នករៀបចំផែនការ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ក្នុងឆ្នាំសិក្សា២០២៤-២០២៥។ ស៊ូយូ ជាសិស្សម្នាក់ដែលឧស្សាហ៍ព្យាយាមក្នុងការសិក្សារៀនសូត្រ ហើយក៏ជាសិស្សម្នាក់ដែលចូលចិត្តសិក្សាស្រាវជ្រាវគណិតវិទ្យាតាំងពីថ្នាក់ទី៥មកម្លេះ។

ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាសម័យប្រឡង ២៨ សីហា ២០២៥ ស៊ូយូ ទទួលបានលទ្ធផលល្អគឺ៖
– អក្សរសាស្ត្រខ្មែរ ទទួលបាននិទ្ទេស D
– គណិតវិទ្យា ទទួលបាននិទ្ទេស A
– រូបវិទ្យា ទទួលបាននិទ្ទេស B
– គីមីវិទ្យា ទទួលបាននិទ្ទេស B
– ជីវវិទ្យា ទទួលបាននិទ្ទេស B
– ប្រវត្តវិទ្យា ទទួលបាននិទ្ទេស C
– ភាសាអង់គ្លេស ទទួលបាននិទ្ទេស B
» និទ្ទេសរួមគឺ B

តស់ ! មកអានអំពីការសិក្សា ក៏ដូចជាបទពិសោធន៍ផ្សេងៗរបស់ស៊ូយូនៅក្នុងពេលដែលកំពុងសិក្សា

ស៊ូយូ ៖
ជីវិតទី១២ ទោះមិនបាននិទ្ទេសដែលខ្លួនប្រាថ្នា ក៏យ៉ាងហោចណាស់សន្សំបានសមិទ្ធផល និងបទពិសោធន៍យ៉ាងច្រើនគួរសម។ កំឡុងពេលថ្នាក់ទី12 នេះ ខ្ញុំបានសម្រេចចិត្តក្នុងការរៀនបណ្តើរ ធ្វើការងារស្ម័គ្រចិត្តបណ្តើរ ជាលទ្ធផល ទាំងការរៀន ទាំងធ្វើការងារ ល្អប្រសើរប្រហែលគ្នា។

នៅក្នុងរយៈពេលមុនមួយឆ្នាំចុងក្រោយ មុននឹងចាកចេញពីជីវិតវិទ្យាល័យ ខ្ញុំធ្លាប់គិតថាគួរតែអភិវឌ្ឍខ្លួនទាំងផ្លូវកាយ និងផ្លូវចិត្ត។ បន្ទាប់ពីខ្ញុំបានចូលរួមក្នុងការងារស្ម័គ្រចិត្ត ជាប្រធាន (ក្លិបអ្នករៀបចំផែនការ) វាពិតជាបានធ្វើអោយខ្ញុំផ្លាស់ប្តូរអត្តចរិក និងផ្នត់គំនិតជាច្រើន មិនត្រឹមតែមានភាពជាអ្នកដឹកនាំតែប៉ុណ្ណោះទេ ថែមទាំងមានភាពអត់ធ្មត់ជាងមុន យល់ដឹងច្រើន ចេះគិតពិចារណា មានភាពចាស់ទុំជាងមុន លើសពីនេះទៅទៀតកេរ្តិ៍ឈ្មោះក្នុងសាលាក៏សុះសាយដែរ។

ខ្ញុំក៏ជាសិស្សមួយរូបដែលចូលចិត្តរៀនគណិតវិទ្យាផងដែរ ចាប់ផ្តើមដឹងថាខ្លួនចូលចិត្តតាំងពីថ្នាក់ទី៥។ នៅថ្នាក់ទី៨ បន្ទាប់ពីប្តូរសាលាមកភ្នំពេញ អ្នកគ្រូបន្ទុកថ្នាក់របស់ខ្ញុំបានណែនាំខ្ញុំអោយចូលរួមក្នុងកម្មវិធីប្រកួតប្រជែងគណិតវិទ្យា ខ្ញុំក៏បានសាកល្បង តែដំបូងៗក៏មិនជាប់ដែរ ហើយក៏មិនអស់ចិត្ត មានចិត្តចង់ឈ្នះមេដាយដូចគេ ក៏ចាប់ផ្តើមទិញសៀវភៅសិស្សពូកែគណិតមករៀនដែរ តែក៏មិនបានយកចិត្តទុកដាក់ខ្លាំងពេកទេ ព្រោះមិនមានទម្លាប់អង្គុយរៀនស្ងៀម😁។ ក្រោយៗមកក៏បានមេដាយខ្លះៗដែរ ទោះមិនធំធេង តែក៏រំភើបនឹងសមិទ្ធផលតិចតួចដែរ។

ក្នុងកំឡុងពេលរៀនទី12នេះ ខ្ញុំបានបែកចែកពេលវេលាច្បាស់លាស់ ថាពេលណាគួររៀន ពេលណាគួរធ្វើការងារ។ ពេលនៅសាលាខ្ញុំត្រូវតែរៀន ព្យាយាមយកចិត្តទុកដាក់ស្តាប់គ្រូពន្យល់ អោយដឹងថាថ្ងៃនេះគ្រូរៀនអំពីអ្វី ទោះមិនចាំទាំងអស់ ក៏បានខ្លះដែរ។ ពេលមកដល់ផ្ទះវិញ មិនសូវជាបានរៀនទេ ចូលចិត្តធ្វើអ្វីផ្សេងវិញ អាចខែខ្លះចាប់ផ្តើមមានការងារត្រូវរៀបចំ ខ្ញុំអង្គុយគិតគួររៀបចំកម្មវិធីយ៉ាងណា និងមានការប្រជុំគ្នាតាមអនឡាញជាមួយក្រុមការងារ ពិភាក្សា ដោះដូរគំនិត ផ្តល់មតិយោលបល់ជាដើម។ ក្រៅពីការងារនេះខ្ញុំក៏ឆ្លៀតទៅហែលទឹក ដុតនំ ចាក់អំបោះ… (ពេលទំនេរ ចូលចិត្តរវល់)។