Daily Archives: 18/10/2025

ដាក់គោលដៅនិទ្ទេស A ទោះបាននិទ្ទេស B ក៏មិនបាក់ទឹកចិត្ត !

យុវតី វូ មុយឡេង ជាអតីតសិស្សថ្នាក់ទី១២ នៃសាលាវេស្ទើន អន្តរជាតិ ក្នុងឆ្នាំសិក្សា២០២៤-២០២៥។ មុយឡេងជាសិស្សម្នាក់ដែលឧស្សាហ៍ព្យាយាមក្នុងការសិក្សាតាំងពីថ្នាក់ក្រោមៗមក ហើយប្អូនតែងតែចូលរួមធ្វើ Project ផ្សេងៗក្នុងសាលាផងដែរ។ ថ្វីត្បិតតែមុយឡេងមិនបានមានឈ្មោះជាសិស្សពូកែមុខវិជ្ជាណាមួយ ប៉ុន្តែប្អូនរៀនពូកែស្ទើរតែគ្រប់មុខវិជ្ជា និងតែងតែចូលរួមប្រឡងក្នុងកម្មវិធីវាស់ស្ទង់សមត្ថភាពផ្សេងៗផងដែរ។ ក្នុងការសិក្សា មុយឡេងជ្រើសរើសការសិក្សាជាភាសាអង់គ្លេស(លើកលែងមុខវិជ្ជាអក្សរសាស្ត្រខ្មែរ) ព្រោះប្អូនមានគម្រោងទៅបន្តការសិក្សានៅបរទេស ដើម្បីយកចំណេះដឹង និងជំនាញបន្ថែមទៀតមកចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ។ ក្នុងការប្រឡង មុយឡេងបានដាក់ផែនការយកនិទ្ទេសល្អ (គោលដៅយកនិទ្ទេស A) ហេតុនេះហើយ ពេលទំនេរពីការសិក្សានៅសាលាតែងតែអង្គុយអានសៀវភៅ និងធ្វើលំហាត់ផ្សេងៗ ឬស្វ័យសិក្សា ហើយតែងតែជួយការងារផ្ទះផងដែរ។

ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាសម័យប្រឡង ២៨ សីហា ២០២៥ មុយឡេងជ្រើសរើសការប្រឡងដោយសរសេរជាភាសាអង់គ្លេស និងទទួលបានលទ្ធផលល្អ គឺ៖
– អក្សរសាស្ត្រខ្មែរ ទទួលបាននិទ្ទេស D
– គណិតវិទ្យា ទទួលបាននិទ្ទេស B
– រូបវិទ្យា ទទួលបាននិទ្ទេស A
– គីមីវិទ្យា ទទួលបាននិទ្ទេស A
– ជីវវិទ្យា ទទួលបាននិទ្ទេស A
– ប្រវត្តវិទ្យា ទទួលបាននិទ្ទេស A
និងទទួលបាននិទ្ទេសរួម B ក្នុងលំដាប់ពិន្ទុ 97.359

សូមបញ្ជាក់ថា ក្នុងការប្រឡងបាក់ឌុបនាសម័យប្រឡង ២៨ សីហា ២០២៥ នេះ សិស្សប្រឡងជាប់សរុប ១២២ ៤៧៣ នាក់ត្រូវជា៨៤.៥៦ ភាគរយនៃចំនួនបេក្ខជនមកប្រឡង ក្នុងនោះ
– និទ្ទេស A មានចំនួន ៣០០៣ នាក់
– និទ្ទេស B មានចំនួន ៩ ៩០១ នាក់
– និទ្ទេស C មានចំនួន ២៨ ៨០១ នាក់
– និទ្ទេស D មានចំនួន ៤៥ ៨៥៩ នាក់
– និទ្ទេស E មានចំនួន ៣៤ ៩០៩ នាក់
ហើយនិទ្ទេស F មានចំនួន​ ២២ ៣៣៨ នាក់។

សូមបញ្ជាក់បន្ថែម ៖ ចំពោះការប្រឡងដោយជ្រើសរើសការសរសេរជាភាសាអង់គ្លេស (លើកលែងអក្សរសាស្ត្រខ្មែរ) គឺប្រឡងតែ៦មុខវិជ្ជាតែប៉ុណ្ណោះ គឺ អក្សរសាស្ត្រខ្មែរ គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និង ប្រវត្តិវិទ្យា ដែលមិនមានការប្រលងមុខវិជ្ជាភាសាអង់គ្លេស ដែលជាមុខវិជ្ជាលើកទឹកចិត្តទេ។

បើសិនជាមានការប្រឡងមុខវិជ្ជា ភាសាអង់គ្លេសបន្ថែមមួយទៀត មុយឡេងមានឱកាសទទួលបាននិទ្ទេសរួម A ។