Daily Archives: 07/10/2025

តស់ ! មកស្គាល់សិស្សនិទ្ទេស A តែម្នាក់គត់ ដែលប្រឡងសរសេរជាភាសាអង់គ្លេស

យុវសិស្ស គួក រតនៈ ជាអតីតសិស្សថ្នាក់ទី១២ (ឆ្នាំសិក្សា២០២៤-២០២៥) មកពីសាលាវេស្ទើនអន្តរជាតិ ដែលសិក្សាជាភាសាអង់គ្លេស (លើកលែកមុខវិជ្ជាអក្សរសាស្ត្រខ្មែរ) និងជ្រើសរើសការប្រឡងដោយសរសេរជាភាសាអង់គ្លេស។ រតនៈជាសិស្សពូកែគណិតវិទ្យាមួយរូបដែលតែងតែចូលរួមប្រកួតសមត្ថភាពគណិតវិទ្យាកមកម្រិតអន្តរជាតិផ្សេងៗ ហើយតែងតែទទួលមេដាយរាល់ការប្រឡងផងដែរ។

ក្នុងការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ២៨ សីហា ២០២៥ នេះ រតនៈទទួលបាននិទ្ទេស A ស្ទើរតែគ្រប់មុខវិជ្ជា លើកលែងតែមុខវិជ្ជាអក្សរសាស្ត្រខ្មែរ ដែលបាននិទ្ទេសC ហើយទទួលបាននិទ្ទេសរួម A ក្នុងលំដាប់ពិន្ទុ 98.648។

សូមបញ្ជាក់បន្ថែម ៖

ចំពោះការប្រឡងដោយជ្រើសរើសការសរសេរជាភាសាអង់គ្លេស (លើកលែងអក្សរសាស្ត្រខ្មែរ) ក្នុងឆ្នាំ២០២៥ នេះ គឺប្រឡងតែ៦មុខវិជ្ជាតែប៉ុណ្ណោះ គឺ អក្សរសាស្ត្រខ្មែរ គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និង ប្រវត្តិវិទ្យា ដែលមិនមានការប្រលងមុខវិជ្ជាភាសាអង់គ្លេស ដែលជាមុខវិជ្ជាលើកទឹកចិត្តទេ។

មិនមានឈ្មោះជាសិស្សពូកែ ហើយក៏មិនធ្លាប់គិតថាខ្លួនឯងមានសមត្ថភាពខ្ពស់ ប៉ុន្តែទទួលបាននិទ្ទេសB

នោះគឺកូនសិស្សម្នាក់ឈ្មោះ ម៉ី មនោកិត្យា។

កិត្យា ជាសិស្សម្នាក់មកពីសាលាវេស្ទើនអន្តរជាតិ។ កាលពីមុនពេលចូលរៀនថ្នាក់ទី១២ កិត្យាគិតថាសមត្ថភាពរបស់គាត់អាចបានត្រឹមជាប់(E) ដោយគាត់មិនបានគិតថាខ្លួនឯងមានសមត្ថភាពពូកែនោះទេ។ ដល់ពេលចូលរៀនថ្នាក់ទី១២ កិត្យាបានខិតខំរៀនសូត្រ និងអាចធ្វើបានល្អគ្រប់មុខវិជ្ជា រហូតដល់ប្រឡងបាក់ឌុបក្នុងសម័យប្រឡង ២៨ សីហា ២០២៥ ទទួលបាននិទ្ទេស B ក្នុងលំដាប់ពិន្ទុ 92.091។

តាមពិតកិត្យាជាសិស្សដែលមានសមត្ថភាពពូកែមួយរូប ប៉ុន្តែដោយសារប្អូនមិនបានសិក្សាស្រាវជ្រាវពីថ្នាក់ក្រោមៗមក ទើបគិតថាខ្លួនឯងខ្សោយ ដល់ពេលដែលប្អូនខិតខំសិក្សាទើបដឹងថាខ្លួនឯងមិនមែនខ្សោយទេ។

ប្រហែលអាចមានកូនសិស្សជាច្រើនដែលមានសមត្ថភាពអាចរៀនពូកែ ឬអាចប្រឡងបាននិទ្ទេសល្អ ដូចកិត្យាដែរ ប៉ុន្តែមិនបានដឹងខ្លួនថាអាចធ្វើបាន ហើយអាចនឹងបោះបង់ការព្យាយាមរៀនសូត្រ។ សូមកុំបោះបង់ ហើយព្យាយាមរកចំណុចខ្សោយរបស់ខ្លួន ឬអាចពិភាក្សាជាមួយលោកគ្រូអ្នកគ្រូដើម្បីរកដំណោះស្រាយ។